នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅបូពា៍ស្ទូឌីអូ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីចែករំលែកយានជំនិះធ្វើដំណើរ នៅប្រទេសកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន UBER។
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាក្នុងការកសាងនូវប្រព័ន្ធដឹកជញ្ជូនទំនើប មានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ជូនប្រជាពលរដ្ឋ។
ដោយសារតែហេតុផលនេះហើយ ទើបក្រសួងបានធ្វើការជាមួយក្រុមហ៊ុន UBER អស់រយៈពេល៦ខែ ដើម្បីសិក្សាស្វែងរកនូវប្រព័ន្ធដឹកជញ្ជូនប្រភេទថ្មីក្នុងការចែករំលែកនូវយានជំនិះធ្វើដំណើរដូចជា “កម្មវិធីចែករំលែកយានជំនិះធ្វើដំណើរ” នេះ។
កម្មវិធីសម្ពោធរបស់ក្រុមហ៊ុន UBER នេះ បង្ហាញឲ្យឃើញពីការសហការគ្នាដ៏ល្អរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអបអរសារទរចំពោះការសម្ពោធរបស់ក្រុមហ៊ុន UBER នេះ ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននេះនឹងដំណើរការទៅមុខដោយជោគជ័យ ក្នុងប្រវត្តិសាស្ត្រនៃប្រទេសនៅតំបន់អាស៊ី។
ក្រុមហ៊ុនដទៃទៀតដូចជាក្រុមហ៊ុន Grab នៅមិនទាន់ទទួលបានអាជ្ញាបណ្ណផ្លូវការក្នុងការប្រតិបត្តិការសេវាកម្មដឹកជញ្ជូនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ក្រុមហ៊ុនទាំងនោះត្រូវស្នើសុំអាជ្ញាបណ្ណជាមុនសិន មុននឹងអាចប្រតិបត្តិការផ្តល់សេវាដឹកជញ្ជូនរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន។






