នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមួយក្រុម ដឹកនាំដោយលោក Jiang Juhua នាយកគ្រប់គ្រងទូទៅផ្នែកកម្ចីសម្បទាននៃធនាគារអាហរ័ណនីហរ័ណចិន។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សា អំពីគម្រោងអាទិភាពនានា ក្នុងការធ្វើឲ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធ ដែលធនាគារអាហរ័ណនីហរ័ណចិនអាចផ្តល់ហិរញ្ញប្បទានបាន។ គម្រោងអាទិភាពទាំងនេះ គឺផ្នែកមួយនៃមធ្យោបាយដែលមានប្រសិទ្ធភាពបំផុត ក្នុងការធ្វើឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៌បានស្នើឲ្យលោក Jiang Juhua ពន្លឿនកិច្ចព្រមព្រៀងប្រាក់កម្ចីសម្រាប់ផ្លូវលេខ៥១ និងផ្លូវក្រវ៉ា់ត់ក្រុងលេខ២ ផងដែរ។ លើសពីនេះទៀត ឯកឧត្តម បានស្នើឲ្យ លោកJiang Juhua ផ្តល់ការគាំទ្រលើការស្វែងរកគម្រោងផ្តល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលជាការពង្រឹងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយ៉ាងធំធេង ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក Jiang Juhua ក៏បានពិភាក្សាផងដែរអំពីការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុក ផ្លូវដែក ព្រលានយន្តហោះ និងបណ្តាញផ្លូវគោកផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះធនាគារអាហរ័ណនីហរ័ណចិន ដែលបានផ្តល់ការគាំទ្រដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា៖ ពួកគេគឺជាគណៈប្រតិភូផ្លូវការលើកដំបូងហើយ ដែលបានជួបពិភាក្សាជាមួយឯកឧត្តម ក្នុងតំណែងថ្មីជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។